I am happy to be one of your friends, and Please let me know when you added me my site, I will do the same, thanks

Wednesday, April 11, 2012

មហា​សង្ក្រាន្ត​ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦



មហា​សង្ក្រាន្ត​ឆ្នាំរោង ចត្វាស័ក ចុល្លសករាជ​១៣៧៤ មហា​សករាជ​១៩៣៤ ពុទ្ធ​សករាជ​២៥៥៦ គ្រិស្តសករាជ​២០១២។ ព្រះពុទ្ធ​សករាជ​ព្រះ​សាសនា​អតិក្កន្តា​កន្លង​ទៅ​ហើយ​បាន​២៥៥៥​ត្រឹម​ថ្ងៃ ១៥​កើត ខែ​ពិសាខ លុះ​ដល់​ថ្ងៃ ១រោច ខែ​ពិសាខ ឆ្នាំរោង ចត្វាស័ក តទៅ​ចូល​ពុទ្ធសករាជ​២៥៥៦។ នឹង​គណនា​ឆ្នាំ រោង ឥឡូវ​នេះ​សង្ក្រាន្ត​​ចូល​មក​នៅ​ថ្ងៃ​សុក្រ ៧រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មេសា គ.ស.២០១២ វេលា​ម៉ោង​១៩ និង​១១នាទី​ល្ងាច។ ពេល​នោះ​ព្រះ​អាទិត្យ​ចេញ​ពី​មីន​រាសី​ទៅ​ឋិត​នៅ​ឯ​មេសរាសី​តាម​ផ្លូវ​ គោវិថី គឺ​ផ្លូវ​កណ្តាល ទើប​មាន​ទេវធីតា​មួយ​ព្រះអង្គ​ជា​មគ្គនាយិកា​ព្រះ​នាម កិមិរាទេវី ជា​បុត្រី​ទី៦ នៃ​កបិល​មហា​ព្រហ្ម គង់​នៅ​ធាតុម្មហារាជិកា​ទ្រង់​អម្ពរ​ពណ៌ សេត លម្អ​នៅ​ព្រះកាណ៌​ដោយ​សៀត​ ផ្កាចង្កុលណី អភរណ​ទ្រង់​ពាក់ កែវបុស្សរាគ័ម ភក្សា​ហារ​ទ្រង់​សោយ ចេកណាំវ៉ា-ចេក​ទឹក ព្រះហស្ត​ស្តាំ​ទ្រង់​ព្រះខ័ន ព្រះហស្ត​ឆ្វេង​ទ្រង់​ពិណ្យ ទ្រង់​ផ្ទំ​បើក​ព្រះនេត្រ​លើ​ខ្នង មហិង្សា (សត្វ​ក្របី) ជា​ពាហនៈ។ ទើប​នាំ​អស់​ទេវបុត្រ ទេវធីតា ទាំង​មួយ​សែន​កោដិ​ហោះ​ទៅ​កាន់​គុហាកែវ​ធម្មមាលី នាទី​ភ្នំកៃលាស ខេត្តហិមពាន្ត ជា​ទី​តំកល់​ទុក​នូវ​ព្រះ​សិរសា កបិល​មហា​ព្រហ្ម ដែល​តំកល់​លើ​ពាន​មាស នាំ​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុរាជ តាម​ផ្លូវ​ព្រះ​អាទិត្យ​ចរ​ចំនួន​៦០នាទី (២៤ម៉ោង)។ ទើប​នាំ​យក​ទៅ​តម្កល់​ទុក​កន្លែង​ដើម​វិញ ហើយ​ប្រជុំ​ទេវបុត្រ​ទេវធីតា​ទាំង​មួយ​សែន​កោដិ​ចូល​ទៅ​ស្រង់​ទឹក​ អនោតត្តមហាស្រះ ដែល​មាន​ទឹក​ហូរ​ចេញ​ពី​បំពង់​ថ្ម​កែវ ដែល​ជា​មាត់​គោ ឧសភរាជ ទាំង​៧​ត្រជាក់​ក្សេម​ក្សាន្ត​ព្រះរាជ​ហឫទ័យ ហើយ​នាំ​គ្នា​ចូល​ទៅ​សមា​ទាន​រក្សា​សីល​ដោយ​សោមនស្ស​រីករាយ​គ្រប់​ព្រះអង្គ ក្នុង​ភគវតី​សភា​សាលា ដែល​វិស្សកម្ម​ទេវបុត្រ​និមិត្ត​ថ្វាយ ដើម្បី​បន្ទោបង់​អព​មង្គល​ឲ្យ​ជ្រះ​ស្រឡះ ហើយ​ចម្រើន​នូវ​សិរីសួស្តី ជ័យ​មង្គល ជន្មាយុ​យឺនយូរ ដល់​ទេវតា និង​មនុស្ស​សត្វ​ទាំង​ឡាយ​តាំង​ពី​ឆ្នាំ​ថ្មី ចូល​មក​នេះ​បាន​ធូរ​ទូលំទូលាយ សុខ​ក្សេម​ក្សាន្ត​តរៀង​ទៅ។
នៅ​ថ្ងៃ សុក្រ ៧រោច ខែចេត្រ ​ត្រូវ​នឹង​ថ្ងៃទី១៣ ខែមេសា គ.ស២០១២ វេលា​ម៉ោង១៩ និង ១១នាទី​ល្ងាច ជា​ថ្ងៃ​ចូល​ឆ្នាំ រោង ចត្វាស័ក។
ថ្ងៃសៅរ៍ ៨រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែមេសា គ.ស ២០១២ ជា​វារៈវ័នបត។
ថ្ងៃអាទិត្យ​ ៩រោច ខែ​ចែត្រ​ត្រូវ​នឹង​ថ្ងៃទី ១៥មេសា គ.ស២០១២ នៅ​វេលា​ម៉ោង ២៣ និង ៤៣ នាទី ៤៨វិនាទី ​ជា​វារៈ​ឡើង​ស័ក គម្រប់​ជា​សង្ក្រាន្ត បីថ្ងៃ ស្រេច​បរិបូណ៌​ចូល​ជា​សកល ឆ្នាំ​រោង​ចត្វាស័ក ចុល្លសក​រាជ ១៣៧៤ មហាសករាជ ១៩៣៤ និង​ពុទ្ធសករាជ​២៥៥៦ បរិបូរណ៍​តទៅ។
ក្នុង​ឱកាស​សង្រ្កាន្ត​ទាំង​បី​ថ្ងៃ សូម​អស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំង​ឡាយ​រៀបចំ​ពលិការ​គ្រឿង​សក្ការ​ បូជា​អុច​ប្រទីប​ជាលា ថ្វាយ​ព្រះរតន​ត្រ័យ និង​ទទួល​ស្វាគមន៍​ទេវ​បុត្រ ទេវ​ធីតា​ឆ្នាំ​ថ្មី ហើយ​ខំ​លះបង់​ចិត្ត​អាក្រក់​អន្យតិរ្ថិយ ជា​ចិត្ត​អប្រិយ៍​ជាប់​ដោយ​គំនុំ​គុំ​គួន ព្យាបាទ​ឈ្នានីស ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​ជ្រះ​ស្រឡះ តាំង​ចិត្ត​ប្រព្រឹត្ត​ល្អ​ប្រកប​ដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើ​បុណ្យ​សុន្ទរ៍​ទាន​តាម​ប្រពៃណី រក្សា​សីល​ប្រាំ​ឲ្យ​បាន​ជាប់​ជានិច្ច នោះ​ទើប​ទេវតា​នឹង​ឲ្យ​ពរ សព្ទសាធុការ លោក​អ្នក​នឹង​មាន​សិរីសួស្តី សុភមង្គល វិបុល​សុខ​គ្រប់​ប្រការ​តាំង​ពី​ឆ្នាំ​ថ្មី​នេះ​តរៀង​ទៅ។
រណ្តាប់​ទទួល​ទេវតា
រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក​ត្រូវ​រៀប​រាន​ទទួល​ ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​តាំង​គ្រឿង​ពលីការ​ផ្សេងៗ។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌ស ហើយ​រៀប​ចំ​នូវ​គ្រឿង​សក្ការ​បូជា​ទេវតា​មាន​ជា​អាទិ៍ បាយសី​៩ថ្នាក់​មួយ​គូ បាយ​សី​៧ថ្នាក់​មួយ​គូ បាយសី​៥ថ្នាក់​មួយ​គូ បាយ​សី៣​ថ្នាក់​មួយ​គូ បាយ​សី​ប៉ា​ឆាម​មួយគូ ស្លាធម៌​មួយ​គូ ទឹក​អប់​មួយគូ (ទៀន​៥​ធូប៥) លាច​៥ ផ្កា​៥​ដាក់​លើ​ជើង​ពាន​១គូ ចេក​នួន ចេក​ណាំវ៉ា​ជើង​ពាន​មួយ​គូ ផ្លែ​ឈើ​១១មុខ រៀប​ដាក់​ជើង​ពាន​១១​គូ ដូង​ឡៅ​មួយ​គូ ទឹក​ស្អាត​ពីរ​កែវ។ ឆ្នាំ​នេះ​គួរ​រក ចេក​ណាំវ៉ា និង​ចេក​ទឹក ដាក់​ទទួល​ទេវតា​ផង ព្រោះ​ជា​ភក្សាហារ​របស់​ទេវធីតា។ ស្រេច​ហើយ​នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក ត្រូវ​ជួប​ប្រជុំ​ក្រុម​គ្រួសារ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ នមស្សការ​ព្រះ​រតនៈ​ត្រ័យ សមាទាន​សីល ហើយ​តាំង​ចិត្ត​ឲ្យ​បាន​ស្អាត​បរិសុទ្ធ ជ្រះ​ស្រឡះ​នូវ​មន្ទិល​ទាំង​ពួង តម្កល់​ចិត្ត​រំពឹង​គិត​ទៅ​លើ​ព្រះ​ពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ជា​ទី​ពឹង ទីរឫក​លុះ​ចប់​ពិធី​ទទួល​ទេវតា។

បញ្ជុនអត្ថបទទៅបណ្ដាញផ្សេងៗ

0 comments:

Hairbraid

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international calls