I am happy to be one of your friends, and Please let me know when you added me my site, I will do the same, thanks

Tuesday, April 17, 2012

សត្វ​នាគ​ក្នុង​ជំនឿ​ខ្មែរ


ឆ្នាំ​រោង គឺ​ជា​ឆ្នាំ​តំណាង​អោយ​សត្វ​នាគ ដែល​ខ្មែរ​មាន​ជំនឿ​ថា ជា​និមិត្ត​រូប​នៃ​កំលាំង​អាទិទេព វត្ថុ​ស័ក្ដិសិទ្ធិ​ ឬ​វត្ថុ​ទិព្វ​របស់​ជន​ជាតិ​ខ្មែរ។
រូប​សត្វ​នាគ​មួយ ដែល​ឆ្លាក់​ចេញ​អំពី​ថ្ម​ភក់​ធ្វើ​ជា​បង្កាត់​ដៃ នៅ​ស្ពាន​នាគ ជិត​តំបន់​វត្ត​ភ្នំ រាជ​ធានី​ភ្នំពេញ។ ថត​ថ្ងៃ​ទី ១០ មេសា ឆ្នាំ ២០១២ (RFA/Vohar Cheath)
រូប សត្វ នាគ មួយ ដែល ឆ្លាក់ ចេញ អំពី ថ្ម ភក់ ធ្វើ ជា បង្កាត់ ដៃ នៅ ស្ពាន នាគ ជិត តំបន់ វត្ត ភ្នំ រាជ ធានី ភ្នំពេញ។ ថត ថ្ងៃ ទី ១០ មេសា ឆ្នាំ ២០១២ (RFA/Vohar Cheath)

ជំនឿ​ចំពោះ​សត្វ​នាគ​នេះ កើត​មាន​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ ហើយ​ជា​ពិសេស​មាន​រឿង​រ៉ាវ​នាង​នាគ ដែល​ទាក់ទង​ទៅ​នឹង​ការ​ចាប់​ផ្ដើម​ប្រវត្តិសាស្ត្រ នៃ​ប្រទេស​កម្ពុជា​ទៀត​ផង។
ខាង​ក្រោម​នេះ គឺ​ជា​សេចក្ដីរាយការណ៍​មួយ ស្ដី​អំពី​ឫស​គល់​មួយ​ចំនួន ទាក់ទង​ទៅ​នឹង​ជំនឿ​ទៅ​លើ​សត្វ​នាគ និង​ការ​វិវត្តន៍​នានា នៃ​ជំនឿ​នេះ នៅ​ក្នុង​សង្គម​ខ្មែរ។
នៅ​ក្នុង​សម័យ​អាណាចក្រ​ភ្នំ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ភាគ​ខាង​ក្រោម និង​នៅ​ក្នុង​ដែន​ដី​សណ្ដ​នៃ​ទន្លេ​នេះ មាន​ជំនឿ​ទៅ​លើ​សត្វ​នាគ។ គេ​ជឿ​ថា​បុព្វ​បុរស​ដូន​តា​របស់​ខ្លួន មាន​អំបូរ​មក​ពី​ពូជ​នាគ រស់​នៅ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។
ជន​ជាតិ​ចិន​ម្នាក់ ឈ្មោះ កាំង ថៃ ដែល​បាន​មក​ទស្សនា​នគរ​ភ្នំ នៅ​ពាក់​កណ្ដាល​សតវត្ស​ទី​បី បាន​កត់​ត្រា​ទុក​ថា ប្រហែល​ជា​ក្នុង​ឆ្នាំ ៥០ នៃ​គ្រិស្តសករាជ មាន​ជន​ជាតិ​ឥណ្ឌា ជា​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ហ៊ុន ទៀន​ បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌា មក​កាន់​អាណាចក្រ​ភ្នំ។ មក​ដល់​នគរ​ភ្នំ ព្រះបាទ ហ៊ុន ទៀន ពើប​ប្រយុទ្ធ​ជាមួយ​នឹង​ព្រះរាជិនី​នៃ​រដ្ឋ​នេះ​ គឺ​ព្រះ​នាង លីវ យី ដែល​បាន​នាំ​កម្លាំង​ទ័ព​ទៅ​វាយ​លុក​លើ​សំពៅ​ព្រះអង្គ។
ដោយ​ឫទ្ធានុភាព​ធ្នូ​ទិព្វ ​ព្រះ​អង្គ​ក៏​ទទួល​ជ័យ​ជំនះ​លើ​ព្រះនាង លីវ យី ដែល​ជា​ម្ចាស់​ស្រុក ដោយ​ព្រះអង្គ​បាន​បាញ់​សំពៅ​ព្រះនាង អោយ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង។
ដោយ​ឃើញ​ព្រះបាទ ហ៊ុន ទៀន មាន​ឫទ្ធិ​ខ្លាំង​ពូ​កែ​ដូច្នោះ ព្រះនាង លីវ យី ក៏​ព្រម​ចាញ់​ព្រះអង្គ ហើយ​ព្រះ​អង្គ​ក៏​បាន​រៀប​អភិសេក​ព្រះនាង ជា​ព្រះរាជ​អគ្គ​មហេសី តាំង​ពី​ពេល​នោះ​មក។
ព្រះរាជ​ពង្សាវតារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ក៏​ទទួល​ស្គាល់​ថា មាន​ការ​ចង​សម្ព័ន្ធ​មេត្រី​រវាង​ព្រាហ្មណ៍​ឥណ្ឌា និង​ម្ចាស់​ស្រុក ដែល​ជា​បុត្រី​ស្ដេច​ភុជង្គនាគ​ដែរ។ ប៉ុន្តែ ព្រះរាជ​ពង្សាវតារ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ហៅ ព្រះ​នាម​ស្ដេច ទាំង​ពីរ​នោះ​ថា ព្រះ​ថោង និង​នាង​នាគ ដែល​បាន​បន្សល់​ទុក​នូវ​កេរ្ត៍​ដំណែល ទំនៀម​ទំលាប់​ប្រពៃណី​ជា​ច្រើន អោយ​ជីវភាព​សង្គម​ខ្មែរ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ថែម​ទៀត​ផង។
រួម​សេចក្ដី​មក គឺ​ព្រះ​បាទ ហ៊ុន ទៀន ឬ​ព្រះ​ថោង និង​ព្រះនាង លីវ យី ឬ​នាង​នាគ​នេះ​ហើយ ដែល​ត្រូវ​គេ​ជឿ​ថា ជា​អ្នក​បាន​កសាង​ឡើង​នូវ​សន្តតិវង្ស ឬ​រាជវង្ស​ខ្មែរ ជា​ដំបូង​គេ​បង្អស់​នោះ។
ថ្វី​ត្បិត​តែ​ខ្មែរ​ជឿ​ថា ខ្លួន​មាន​អំបូរ​មក​ពី​សត្វ​នាគ ពាក់​កណ្ដាល​ក្ដី លោក​សាស្ត្រាចារ្យ​ផ្នែក​បុរាណ​វិទ្យា អាំង ជូលាន សង្កេត​ឃើញ​ថា ក្រោយ​មក ខ្មែរ​បាន​ឆ្នៃ​រំដោះ​ខ្លួន​បន្តិច​ម្តងៗ ចេញ​សត្វ​នាគ ហើយ​អោយ​ក្លាយ​មក​ជា​មនុស្ស​វិញ។ លោក​សង្កេត​ឃើញ​ថា ចលនា​រំដោះ​ខ្លួន​ពី​នាគ​នេះ ស្តែង​ចេញ​តាម​រឿង​ព្រះ ថោង និង​នាង នាគ នេះ​ដដែល។ ប៉ុន្តែ គេ​អូស​បន្លាយ​សាច់​រឿង​អោយ​មក​ដល់​សម័យ​សាង​ប្រាសាទ​អង្គរ​ធំ ឯ​ខេត្ត​សៀមរាប​ឯ​ណេះ។
បើ​តាម​លោក​សាស្ត្រាចារ្យ អាំង ជូលាន រឿង​នេះ​មាន​សេចក្ដី​ថា ស្ដេច​នាគ ដែល​ជា​បិតា​របស់​នាង​នាគ ខ្លាច​មុខ​ព្រហ្ម ហើយ​ហាម​ព្រះ ថោង មិន​អោយ​សង់​ប្រាសាទ ដែល​មាន​មុខ​ព្រហ្ម​ទេ តែ​ព្រះ ថោង រឹង​ទទឹង.
លោក អាំង ជូលាន៖ «ព្រះ ថោង ហ្នឹង​បាន​ចុះ​ទៅ​ឋាន​នាគ ដើម្បី​ទៅ​សុំ​ដណ្ដឹង​នាង នាគ​នោះ​ណា៎… រួច​ទៅ​បាន​ឪពុក​ក្មេក ដែល​ជា​ស្ដេច​នាគ​ហ្នឹង ក៏​លោក​ក៏​សុខ​ចិត្ត​អោយ​អញ្ចឹង​ទៅ… ហើយ​មក​ជួយ​សង់​អង្គរ​នេះ។ គឺ​ថា អង្គរ​ធំ​នេះ ដែល​មាន​ប្រាសាទ​បាយ័ន​នៅ​កណ្ដាល​នេះ។ រួច​ទៅ…ផ្ដាំ​ថា កូន​ឯង​បើ​សង់​អី​សង់​ទៅ កុំ​អោយ​តែ​មាន​មុខ​ព្រហ្ម​អី។ ឪ​ខ្លាច​ព្រហ្ម​ណាស់។ ព្រហ្ម​មុខ​បួន​នោះ។ ដល់​ព្រះ ថោង ដូច​ថា… ធ្វើ​របៀប​ជំទាស់​ប្រទូសរ៉ាយ​នឹង​ឪពុក ក្មេក​ហ្នឹង ក៏​សង់​ប្រាសាទ​បាយ័ន សង់​ក្លោង​ទ្វា​អង្គរ​ធំ​អី សុទ្ធ​តែ ឬ​មុខ​ព្រហ្ម​ហ្នឹង​ទៅ។ ដល់​តែ​ឪពុក​ហ្នឹង​ឡើង​ពី​ទឹក​មក​លេង​នឹង​កូន… យើង​ដឹង​ហើយ​ប្រាសាទ​បាយ័ន មិន​មាន​កន្លែង​មួយ គេ​ហៅ​ថា អណ្ដូង​ប្រេង​អញ្ចឹង​ណា៎។ គេ​ជឿ​ថា អណ្ដូង​ហ្នឹង ចុះ​ទៅ​បាត​សមុទ្រ។ ដល់​ពេល​ឪពុក​ហ្នឹង ងើប​ឡើង​មក​លេង​នឹង​កូន​ទៅ ឃើញ​ព្រហ្ម​ទៅ​ខឹង​ក៏​ច្បាំង​គ្នា​អី​អញ្ចឹង​ទៅ។ ទី​បំផុត ព្រះ ថោង ហ្នឹង​សម្លាប់​ឪពុក​ហ្នឹង​ទៅ។ ឪពុក​ក្មេក​នោះ»។
លោក​សាស្ត្រាចារ្យ​បន្ត​ថា គឺ​ការ​សំលាប់​ស្ដេច​នាគ ដែល​ជា​ឪពុក​ក្មេក​របស់​ព្រះ ថោង នេះ​ហើយ ដែល​ជា​ការ​ផ្ដាច់​ចំណង​ទាក់ទង​ពី​សត្វ​នាគ រស់​នៅ​ក្នុង​ទឹក មក​ជា​មនុស្ស​នៅ​លើ​គោក​វិញ។
លោក អាំង ជូលាន៖ «ដល់​អញ្ចឹង​ទៅ នាង នាគ ហ្នឹង លែង​បាន​ត្រលប់​ទៅ​ស្រុក​វិញ​ហើយ។ នាង​នាគ​ហ្នឹង​ក្លាយ​មក​នៅ​ឋាន​មនុស្ស​វិញ។ មាន​ន័យ​ថា​ម៉េច? មាន​ន័យ​ថា ក្នុង​ការ​វិភាគ​រឿង​អញ្ចឹងៗ មាន​ន័យ​ថា យើង​ពី​ដើម… ខ្មែរ​យើង​ពី​ដើម​នេះ ជា​សត្វ​នាគ សត្វ​ពស់​អី ពាក់​កណ្ដាល​ណា៎​ម្ដាយ​ណា៎។ ប៉ុន្តែ ទី​បំផុត​ទៅ យើង​ទាត់​ចោល លែង​ទទួល​ស្គាល់​អា​ដេញ ហ្នែ…ម៉ា​ភាគ​នៃ​កំណើត​យើង ដែល​ជា​នាគ​ហ្នឹង​ទៅ។ ដូច​ជា​នាង នាគ ក្នុង​រឿង ព្រះ ថោង នាង នាគ។ ក្រោយ​មក​មាន​ចុះ​ទៅ​លេង​ឋាន​របស់​ខ្លួន​ឪពុក​អី ស្លាប់​អស់​ហើយ… ក្លាយ​ទៅ​ជាមួយ​មនុស្ស​រហូត​ទៅ​កើត​កូន កើត​ចៅ​អី​មក​ជា​ខ្មែរ…»។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ខ្មែរ​នៅ​តែ​មាន​ជំនឿ​ថា នាគ គឺ​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី។ មុន​នឹង​ចាប់​ផ្ដើម​សាងសង់​អ្វី​មួយ ប្រជា​ពលរដ្ឋ​ខ្មែរ និយម​ធ្វើ​ពិធី​សែន​ព្រេន​សុំ​ការ​អនុញ្ញាត​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី គឺ​ពិធី​សែន​ក្រុង​ពាលី ដែល​ជា​ស្ដេច​នាគ​នោះ​ឯង។
សត្វ​នាគ នេះ​ក៏​ត្រូវ​គេ​និយម​ថា ជា​និមិត្តរូប​នៃ​កម្លាំង​អាទិទេព ឬ​ក៏​ជា​សត្វ ដែល​តំណាង​អោយ​សភាវៈ​ល្អ ទាំង​ក្នុង​ហិណ្ឌូ​សាសនា និង​ក្នុង​ព្រះ​ពុទ្ធ​សាសនា។ នៅ​ក្នុង​រឿង​កូរ​សមុទ្រ​ទឹក​ដោះ នៃ​លិទ្ធ​ពហុ​ទេវ​សាសនា​ហិណ្ឌូ នាគ មួយ​ឈ្មោះ វ៉ា សុគី បាន​ស្ម័គ្រ​ចិត្ត​ប្រគល់​ខ្លួន​អោយ​ពួក​សុរា និង​ពួក​អសុរៈ ធ្វើ​ជា​ខ្សែ​ព្រ័ត្រ​ក្នុង​បេសកកម្ម​កូរ​សមុទ្រ​ទឹក​ដោះ​ស្វែង​រក​ទឹក​ អម្រឹត ដើម្បី​ព្យាបាល​ដល់​ទេវតា និង​មនុស្ស​លោក​នៅ​គ្រប់​ទីស្ថាន។
ចំណែក​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​វិញ គេ​សង្កេត​ឃើញ​ស្ដេច​នាគ​ឈ្មោះ មុជ្ជលិន្ទ ដែល​មាន​ក្បាល ៧ ចេញ​ទៅ​ធ្វើ​ក្បាំង​ការពារ​ប្រក់​ពី​លើ​ព្រះពុទ្ធ ដែល​កំពុង​គង់​ធ្វើ​សមាធិ​ផង​ដែរ។
ម៉្យាង​ទៀត​បុព្វ​បុរស​ខ្មែរ បាន​ឆ្លាក់​រូប នាគ តាម​ក្បូរ​ក្បាច់​រចនា​ផ្សេងៗ ជា​ច្រើន នៅ​តាម​ប្រាសាទ​ខ្មែរ​បុរាណ ជា​ពិសេស ជា​បង្កាន់​ដៃ​ស្ពាន ឬ​ផ្លូវ​ចូល​ប្រាសាទ។ លោក​សាស្ត្រាចារ្យ អាំង ជូលាន មាន​ប្រសាសន៍​ថា ការ​យក នាគ សង់​ជា​បង្កាន់​ដៃ​ស្ពាន ឬ​ផ្លូវ​ចូល​ប្រាសាទ​ដូច​នេះ ក៏​ព្រោះ​តែ​សត្វ​នាគ តំណាង​អោយ​ទឹក ឬ​ក៏​ឥន្ទធនូ​ផង និង​ជា​ស្ពាន​ចំលង​មនុស្ស​រំលង​ពី​ឋាន​មួយ​ទៅ​ឋាន​មួយ​ទៀត​ផង។
លោក អាំង ជូលាន៖ «នាគ គឺ​ដូច​ឥន្ទធនូ​អញ្ចឹង គឺ​ជា​មធ្យោបាយ​សំរាប់​ចំលង​ឋាន​យើង ទៅ​ឋាន​ទេព​នោះ។ ព្រោះ​ថា ប្រាសាទ…ឧបមា​ថា អង្គរវត្ត… ប្រាសាទ​ជា​លំនៅ​ណា៎ ជា​ឋាន​នៃ​ទេព​ហៅ​ថា លោក​ធាតុ​នេះ ណា៎។ យើង​ទៅ​ពី​ឋាន​យើង​នេះ ទៅ​ដល់​ឋាន​ទេព​ហ្នឹង វា​មាន នាគ ដើម្បី​ថា​ចំលង​មនុស្ស​ដើម្បី​ដល់​ទេព​អី​អញ្ចឹង​ទៅ…»។
បរិវេណ​ជុំវិញ​ប្រាសាទ និង​តួ​ប្រាសាទ​អង្គរវត្ត តំណាង​អោយ​ឋាន​របស់​អាទិទេព​គង់​នៅ។ ដើម្បី​ចូល​ទៅ​ដល់​តួ​ប្រាសាទ​អង្គរវត្ត ដែល​តំណាង​អោយ​ភ្នំ​ព្រះ​សុមេរុ គេ​ត្រូវ​ដើរ​ឆ្លង​ទឹក​សមុទ្រ ដែល​ព័ទ្ធ​ជុំវិញ​ភ្នំ​ព្រះ​សុមេរុ​នោះ។ ដូច្នេះ សំណង់​ផ្លូវ​ចូល​ប្រាសាទ​អង្គរវត្ត ដែល​បុព្វបុរស​ខ្មែរ បាន​សាង​ជា​រូប នាគ ក្បាល ៧ នោះ គឺ​តំណាង​អោយ​ទឹក​សមុទ្រ​ផង និង​តំណាង​អោយ​វត្ថុ​ស័ក្ដិសិទ្ធិ​ ឬ​ក៏​ជា​ស្ពាន​ចំលង​មនុស្ស អោយ​ទៅ​ជួប​នឹង​ព្រះ​អាទិទេព​ផង។
ចំពោះ​អ្នក​កើត​ឆ្នាំ រោង ដែល​ជា​ឆ្នាំ​សត្វ នាគ បើ​តាម​ការ​ទស្សន៍ទាយ​របស់​ក្រុម​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ នៃ​ក្រសួង​ធម្មការ និង​សាសនា​ថា រមែង​ជា​មនុស្ស​មាន​និស្ស័យ និង​ជោគ​សំណាង​ល្អ នឹង​មាន​សេចក្ដី​សុខ​កាយ​សប្បាយ​ចិត្ត ចៅហ្វាយ​នាយ​ចិញ្ចឹម​បីបាច់​ថែ​រក្សា នឹង​បាន​ទៅ​ជា​អ្នក​មាន​បុណ្យ​ស័ក្ដិ រហូត​មាន​កិត្តិយស​កិត្តិនាម​ល្បីល្បាញ។
ជា​មនុស្ស​មាន​ចិត្ត​បុណ្យ​សុន្ទរ​ទាន ចូល​ចិត្ត​ជួយ​អ្នក​ដទៃ។ អាច​តាំង​ខ្លួន​អោយ​ធំ​ដុំ​បាន ដោយ​ខ្លួន​ឯង។ យូរៗ ទើប​មាន​លាភ​ធំ​ម្ដង។ ជា​មនុស្ស​មាន​ព្រះ​កេតុ​ថែ​រក្សា​អរិ​សត្រូវ មិន​អាច​ប៉ុនប៉ង​ពាធា​បាន​ឡើយ។
ជា​មនុស្ស​មាន​វាចា​មោះមុត សតិ​បញ្ញា​ឈ្លាសវៃ ចិត្ត​ស្រាល​ឆាប់​ខឹង តែ​ឆាប់​បាត់​វិញ។ អ្នក​កើត​ឆ្នាំ រោង ជា​មនុស្ស​ពេញ​ចិត្ត នឹង​រស់​កាមារម្មណ៍ មិន​ចេះ​នឿយ​ណាយ។
មនុស្ស​ឆ្នាំ រោង ច្រើន​តែ​ទទួល​ជោគ​លាភ ពី​មនុស្ស​ភេទ​ផ្ទុយ បើ​ធ្វើ​ការ​ជាមួយ​មនុស្ស​ភេទ​ផ្ទុយ​ហើយ តែងតែ​បាន​ទទួល​ផល​ល្អ​ជា​វិសេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
source: camnews.org

0 comments:

Hairbraid

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international calls